សំណួរទូទៅ ៖

ជំងឺមហារីកអាចកើតបានលើមនុស្សគ្រប់វ័យ ទាំងបុរស ស្ត្រី មនុស្សវ័យក្មេង និងវ័យចំណាស់។

មហារីកភាគច្រើនអាចព្យាបាលបាន ប្រសិនបើរកឃើញទាន់ពេលវេលានៅដំណាក់កាលដំបូងៗ ការព្យាបាលសព្វថ្ងៃមានការរីកចម្រើនយ៉ាងខ្លាំង ដោយប្រើបច្ចេកវិទ្យាថ្មីៗចុងក្រោយដូចជា៖

  • ឱសថគីមី (Chemotherapy)
  • ឱសថជីវសាស្រ្តកម្ទេចហ្សែន (Targeted Therapy)
  • ឱសថបង្កើនភាពស៊ាំ (Immunotherapy)
  • ការវះកាត់ (Surgery)
  • ការព្យាបាលដោយកាំរស្មី (Radiation Therapy)

អ្នកគួរពិចារណាធ្វើតេស្តពិនិត្យ ប្រសិនបើមានអាការៈខាងក្រោម៖

  • មានដុំសាច់ នៅកន្លែងណាមួយលើដងខ្លួន
  • ការប្រែប្រួលពណ៌ស្បែក ឬមានស្លាកស្នាមចម្លែក
  • ដំបៅមិនជាសះស្បើយរយៈពេលយូរ
  • មានឈាម ឬទឹករងីចេញខុសប្រក្រតី
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ
  • បាត់បង់ចំណង់អាហារ
  • មានការឈឺចាប់ដោយមិនដឹងហេតុផលជាក់លាក់

សមាជិកក្នុងគ្រួសារអ្នកមានប្រវតិ្តកើតជំងឺមហារីក។

អំពីជម្ងឺមហារីក ៖

មហារីកមិនមែនជាជំងឺឆ្លងនោះទេ។ វាមិនអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានទេ តាមរយៈការប៉ះពាល់ ឬការរស់នៅជិតគ្នានោះទេ។ តែមានមហារីកខ្លះៗដែលពាក់ព័ន្ធនឹងវីរុសឆ្លងមានដូចជា HPV (Human Papillomavirus) និង HBV (Hepatitis B virus) ដែលជាកត្តាអាចបង្កជាមហារីកបាន។ ដូច្នេះការចាក់វ៉ាក់សាំងការពារជាផ្នែកសំខាន់នៃការបង្ការមហារីក។

មហារីកខ្លះអាចការពារបាន ហើយខ្លះទៀតអាចបន្ថយហានិភ័យបាន។ អ្វីដែលអ្នកអាចធ្វើបានរួមមាន៖

  • ចៀសវាងបារី និងសារធាតុញៀន
  • ញុំាអាហារមានសុខភាពល្អ (បន្លែ, ផ្លែឈើ)
  • ធ្វើចលនា និងហាត់ប្រាណជារឿយៗ
  • ចាក់វ៉ាក់សាំងការពារ (HPV, HBV)
  • ធ្វើតេស្ត Screen ជាប្រចាំ (ដូចជា Pap smear, Mammogram, Colonoscopy)

វ៉ាក់សាំង HPV អាចជួយការពារពីមហារីកមាត់ស្បូនបាន។ វ៉ាក់សាំង HBV ក៏អាចជួយកាត់បន្ថយហានិភ័យពីជម្ងឺមហារីកថ្លើមបានផងដែរ។

មិនមែនឱសថគីមីទាំងអស់នឹងបណ្តាលឲ្យជ្រុះសក់ទេ។ មានថ្នាំខ្លះដែលប៉ះពាល់ដល់កោសិការួមទាំងសក់ ហើយបណ្តាលឲ្យជ្រុះសក់ក្នុងមួយរយៈ និងមានថ្នាំខ្លះទៀតធ្វើឱ្យជ្រុះសក់តិចតួច ឬមិនជ្រុះទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយសក់ភាគច្រើននឹងដុះឡើងធម្មតាវិញបន្ទាប់ពីបញ្ចប់ការព្យាបាលរួច។

បន្ទាប់ពីព្យាបាលជាសះស្បើយ ស្ត្រីឬបុរសអាចមានកូនបានវិញធម្មតា។ ទោះជាយ៉ាងណា ប្រសិនអ្នកមានបំណងចង់មានកូន អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលចាប់ផ្តើមការព្យាបាល ដើម្បីរៀបចំការថែទាំសុខភាពផ្នែកបន្តពូជទុកជាមុន។

នៅពេលកំពុងព្យាបាលជំងឺមហារីក (ដូចជា ឱសថគីមី ឬកាំរស្មី) មិនអាចឲ្យមានផ្ទៃពោះបានទេ ព្រោះអាចប៉ះពាល់ដល់ទារក និងសុខភាពម្ដាយ។